special ads

ព័ត៌មានថ្មីៗ

កូនឆ្លាតដោយសារការស្តាប់

កូនឆ្លាតដោយសារការស្តាប់

"ការស្ដាប់" និង "ការឮ" មិនជារឿងតែមួយនោះទេ ព្រោះការឮជាមូលដ្ឋានរបស់មនុស្សគ្រប់រូប ដែលមានប្រព័ន្ធប្រសាទត្រចៀកជាធម្មតា។ ប៉ុន្ដែការឮសូរដែលមានប្រសិទ្ធភាពឈានទៅរកការដឹងនោះចាំបាច់អាស្រ័យសារស្ដាប់ដ៏ត្រឹមត្រូវស្រមស្រប និងជាផ្នែកមួយដ៏សំខាន់ ដែលឪពុកម្ដាយអាចជំរុញ កូនបានតាំងពីនៅតូចទើបនឹងកើត។


=> ១-៣ ខែ ដំបូងតាមរកប្រភពដែលធ្លាប់ឮ

កូនតូចអាចស្ដាប់ឮ តាំងពីអាយុបាន ៥ខែ នៅក្នុងផ្ទៃម្ដាយ។ ដូច្នេះសម្លេងនិយាយរបស់ឪពុកម្ដាយ សម្លេងចម្រៀងដែលស្ដាប់ជាប្រចាំ សម្លេងរបស់សមាជិកក្នុងផ្ទះ ឬសម្លេងឆ្កែដែលតែងតែព្រួស ជាទៀតទាត់នោះ គឺជាសម្លេងដែលកូនតូចធ្លាប់ឮ និងសុាំ។ ក្រោយពេលសម្រាលមក ឃើញពិភពលោកខាងក្រៅហើយ ទើបគេមានអារម្មណ៍កក់ក្ដៅឡើងភ្លាមពេលបានឮសម្លេង ដែលឮពីមុនមក។ នោះទើបជាហេតុផលដែលឪពុកម្ដាយត្រូវនិយាយ រាក់ទាក់ជាមួយកូនមុនគេ នៅពេលកូនចាប់កំណើតមក។


ការនិយាយជាមួយកូន ទោះបីទើបតែកើរតបាន ១ថ្ងៃក្ដីគឺជាចំណុចចាប់ផ្ដើមរៀបចំមូលដ្ឋានគ្រឹះនៃ ការស្ដាប់ដ៏មានតម្លៃ។ បន្ទាប់ពីដឹងថា បានឮសូរសម្លេង ដែលគេធ្លាប់បានឮ និងកក់ក្ដៅចិត្ដបានល្អហើយ ប្រព័ន្ធរបស់ខួរក្បាល និងចាប់ផ្ដើមលូតលាស់ ដើម្បីតាមរកប្រភពសម្លេងថា មកពីទិសណា? ជាសម្លេងអ្វី? ប៉ុន្ដែដោយសារកូនងាកឆ្វេង ងាកស្ដាំមិនទាន់បាន ការជំរុញដល់ការស្ដាប់ ត្រូវមានការយកចិត្ដទុកដាក់របស់ឪពុកម្ដាយដែលត្រូវឱនមុខមករកកូន ដើម្បីអោយកើតមានការស្ដាប់ដ៏ច្បាស់លាស់បំផុត។

=> ៤-៦ខែ ចេះញែកសម្លេង

ក្នុងអំឡុងពេលខួរក្បាលរបស់កូន ចាប់ផ្ដើមព្យាយាមញែកសម្លេង ដែលខុសប្លែកគ្នា ដើម្បីអោយដឹងថាសម្លេងរបស់ឪពុក មានលក្ខណៈដូចម្ដេច? មួយណាជាសម្លេងនិយាយ? មួយណាជាសម្លេងចម្រៀង? នៅពេលចាប់ផ្ដើមចេះក្រឡាប់ខ្លួន កូនតូចចេះងាកឆ្វេង ងាកស្ដាំ តាមរកសម្លេងទាំងរំភើបចិត្ដ និងធ្វើអោយសាច់ដុំមានភាពរឹងមាំដំណាលគ្នា។ ការជំរុញអោយកូនចេះញែកសម្លេងបានលឿនគឺការឆ្លាស់គ្នានិយាយជាមួយកូនរវាងឪពុក និងម្ដាយ ដោយអោយកូនឃើញមុខបានជិត ដើម្បីខួរក្បាលបង្កើតការតភ្ជាប់នៃប្រភពសម្លេង។


មិនត្រឹមតែការនិយាយ និងការបញ្ចេញសម្លេងរបស់អ្នក ដែលកូនធ្លាប់ឮប៉ុណ្ណោះទេ ឧបករណ៍សម្លេងក៏ជំរុញអោយមានការលូតលាស់បានយ៉ាងល្អដែរ តុក្កតាដែលមានសម្លេង របស់អង្រួនលេង របស់មានសម្លេងកណ្ដឹងស្រាលៗ ទោះជាកូនតូចមិនទាន់ចេះកាន់ក្ដី ជាតួនាទីរបស់ឪពុកម្ដាយ ដែលជំរុញអោយកើតមានសម្លេង ដើម្បីកូនបាននៅស្ងៀមស្ដាប់។ ចាប់ផ្ដើមដោយការចងចាំ និងញែកសម្លេងបានលឿន ជំរុញការចងចាំសម្លេង ដោយរបស់លេងគ្រប់យ៉ាង។ ប៉ុន្ដែក៏គួរទុកផ្ទះអោយមានសភាពស្ងប់ស្ងាត់ខ្លះផង មិនគួររំខានដោយសម្លេងច្រើនពេកទេ ដូចជា លេងបណ្ដើរ បើកវិទ្យុ ឬទូរទស្សន៍បណ្ដើរ ឬនិយាយទូរស័ព្ទបណ្ដើរនោះទេ ព្រោះនឹងធ្វើអោយកូនច្របូកច្របល់ និងមិនអាចញែកសម្លេងបាន។

=> ៧-៩ខែ រៀនស្វែងយល់គ្រប់ទិស

រយៈពេលនេះកូនតូចចាប់ផ្ដើមមានចលនាខ្លួនយ៉ាងស្ទាត់ជំនាញ សាច់ដុំចាប់ផ្ដើមរឹងមាំ ខ្សែភ្នែកទាំងពីរចាប់ផ្ដើមមើលឃើញច្បាស់ មើលរយៈជិត ឬរយៈឆ្ងាយបានល្អជាងមុន ការឮសូរក៏ពេញជាងមុន គួបផ្សំនឹងអ្វីៗជុំវិញខ្លួន រាល់លើកដែលមានចលនាខ្លួន តែងមានការស្ដាប់ពាក់ព័ន្ធជាមួយជានិច្ច។ ការបានឮសូរអ្វីៗនៅជុំវិញខ្លួន កំពុងក្លាយជាបទពិសោធន៍ដែលសន្សំទុកក្នុងខួរក្បាលជាពិសេសគឺភាសា ទោះជានិយាយមិនទាន់កើត ប៉ុន្ដែកូននឹងចងចាំពាក្យផ្សេងៗ ដើម្បីយកចេញមកប្រើនៅពេលក្រោយ។


ការស្ដាប់ដែលមានគុណភាព និងជំរុញការទំនាក់ទំនងអោយកូន ការនិយាយអោយច្បាស់លាស់និយាយត្រឹមត្រូវ និងច្បាស់ពាក្យមួយម៉ាត់ៗ ទោះធ្វើសម្លេងបែបកូនក្មេង ប៉ុន្ដែក៏និយាយកុំអោយខុសសម្លេងច្រើនពេក ព្រោះអាចធ្វើអោយកូនចងចាំខុស។

=> ១០-១២ខែ ការស្ដាប់អាចជួយអោយល្អគ្រប់ផ្នែក

ទោះកូនតូចអាចយល់សម្លេងអ្វីផ្សេងៗច្រើនជាងមុន រហូតដល់អាចទំនាក់ទំនងត្រឡប់មកវិញបានខ្លះក្ដី ដូចជាពេលនិយាយជាមួយកូន កូននឹងហាមាត់ឆ្លើយតប នៅពេលបើកចម្រៀងកូនតូច និងរាំ ឬយ៉ោកខ្លួនយ៉ាងសប្បាយរីករាយ។ ការមិនត្រឹមតែធ្វើអោយកូនតូច យល់ភាសាប៉ុណ្ណោះទេប៉ុន្ដែគេក៏អាចយល់ពីអារម្មណ៍របស់អ្នកនិយាយនូវសម្លេងដែលឮសូរនោះបានទៀតផង។


ការជំរុញការលូតលាស់ផ្នែកស្ដាប់ជាមូលដ្ឋានគ្រឹះដែលនឹង ការធ្វើទំនាក់ទំនងរបស់កូនមានគុណភាពជាងមុន ដូច្នេះមុនពេលគេង គួរច្រៀងបំពេរកូនតិចៗក្នុងបន្ទប់ដែលស្ងាត់ល្អ ដើម្បីអោយកូនបានសប្បាយចិត្ដ និងគេងលក់ស្រួលផង ។


ប្រភពអត្ថបទៈ ទស្សនាវដ្តិ៍ ROSR

No comments