សាលារាជធានីភ្នំពេញផ្ញើសារ ឲ្យប្រុងប្រយ័ត្ន មុនចូលឆ្នាំខ្មែរ
សាលារាជធានីភ្នំពេញផ្ញើសារ ៣ចំណុច ឲ្យប្រុងប្រយ័ត្ន មុនចូលឆ្នាំខ្មែរមកដល់
អភិបាលសាលារាជធានីភ្នំពេញ បានផ្ញើសារសំខាន់ ៣ ចំណុច ឲ្យប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្ននៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ខាងមុខនេះ។
ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលសាលារាជធានីភ្នំពេញ បាននិយាយនៅក្នុងសារជូនដំណឹងរបស់ខ្លួន ចុះកាលបរិច្ឆេតថ្ងៃទី ១១ មេសា ២០១៧ នេះថា ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយក្នុងរាជធានីភ្នំពេញ នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្ន ៣ ចំណុចសំខាន់ខាងក្រោម៖
១. ត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោក និង មិនត្រូវបើកបរក្នុងស្ថានភាពស្រវឹង ដើម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗ។
២. ចូលរួមទប់ស្កាត់គ្រោះអគ្គិភ័យ ដោយប្រុងប្រយ័ត្ន និង ម្ចាស់ការខ្ពស់ចំពោះភ្លើងទៀន ធូប ភ្លើងចង្ក្រាន្ត ចរន្ដអគ្គិសនី ដើម្បីរក្សាបានទ្រព្យសម្បត្តិ អាយុជីវិតផ្ទាល់ខ្លួន និង អ្នកដទៃ។
៣. ចូលរួមលេងល្បែងប្រជាប្រិយ៍គ្រប់ប្រភេទ និងចៀសវាងដាច់ខាតការលេងបាញ់ទឹក ជះទឹកគប់ស្បោងទឹក លាបធ្យូង ប៉ាតម្ស៉ៅ ទះគក់ដោយដៃ ឬវាយដោយរំពាត់ដល់អ្នកដំណើរ ឬជិះម៉ូតូបង្ហោះប្រដេញគ្នាលេងនៅតាមផ្លូវដែលអាចនាំឲ្យមានគ្រោះថ្នាក់ជាយថាហេតុ ប៉ះពាល់ដល់អាយុជីវិតផ្ទាល់ខ្លួន និង អ្នកដំណើរព្រមទាំងហាមដាច់ខាតការលេងល្បែងស៊ីសង អុជផាវ និងគ្រឿងផ្ទុះគ្រប់ប្រភេទ ដើម្បីរក្សាបាននូវភាពថ្លៃថ្នូរ ស័ក្ដិសមជាកុលបុត្រ កុលធិតាខ្មែរ។
សូមអានសេចក្ដីជូនដំណឹងទាំងស្រុងខាងក្រោមនេះ
No comments
Post a Comment