special ads

ព័ត៌មានថ្មីៗ

វិធីបំបាត់អាការៈរលាកអណ្តាត ដោយវិធីងាយៗ

វិធីបំបាត់អាការៈរលាកអណ្តាត

យល់ដឹងពីវិធីសាស្រ្ត បំបាត់ការរលាកអណ្តាតដោយវិធីងាយៗដូចខាងក្រោម


អ្នកប្រាកដជាធ្លាប់ ទទួលទានកាហ្វេ ឬអាហារណាមួយ ដែលក្តៅហួសពីការស្មាន រហូតបណ្តាលឲ្យមាត់ និងអណ្តាតរបស់អ្នករលាក។ ជួនកាល វាអាចបណ្តាលឲ្យឡើងពកៗ លើអណ្តាត បណ្តោះអាសន្នថែមទៀតផង។

អាការៈរលាកអណ្តាតនេះ មិនកើតឡើងរហូតនោះទេ ប៉ុន្តែប្រសិនបើអ្នកចង់បំបាត់ការឈឺចាប់ និងពន្លឿនឲ្យឆាប់ជាសះស្បើយ អ្នកអាចអនុវត្តវិធីមួយចំនួន ដូចខាងក្រោមនេះ ៖


១. ទឹកត្រជាក់

ប្រសិនបើមិនជារលាកធ្ងន់ធ្ងរទេនោះ ទឹកត្រជាក់ ឬទឹកកក អាចជួយសម្រាលការរលាក បានយ៉ាងឆាប់រហ័ស ។ អ្នកគ្រាន់តែទទួលទានទឹកត្រជាក់មួយកែវ ដើម្បីបញ្ចុះសីតុណ្ហភាពរលាក លើផ្ទៃអណ្តាត និងធ្វើឲ្យមាត់មានជាតិទឹកគ្រប់គ្រាន់ (ដើម្បីមានលំហូរទឹកមាត់គ្រប់គ្រាន់ ការពារបាក់តេរី កុំឲ្យជ្រៀតចូល បរិវេណរលាកបន្ថែមទៀត) ។ ជាពិសេស តមអាហារ និងភេសជ្ជៈក្តៅសិន រហូតទាល់តែជាសះស្បើយ ។
២. ទទួលទានអាហារទន់ និងត្រជាក់

អ្នកគួរស្វែងរកអាហារបែប ទន់ និងត្រជាក់ មកទទួលទានលេងៗ បន្ថែមក៏បាន។ អាហារដែលងាយនឹងបរិភោគ រួមមានដូចជា ដំណាប់ផ្លែឈើ ឬយ៉ាអួ ពីព្រោះអាហារទាំងនេះ អាចជួយបន្ធូរបន្ថយ បរិវេណរលាកលើអណ្តាតបាន។ ជាពិសេស នៅពេលទទួលទានរួច កុំភ្លេចទទួលទានទឹកថែមមួយកែវផង ពីព្រោះ កាកសំណល់ជាប់នឹងអណ្តាត អាចធ្វើឲ្យរលាកកាន់តែខ្លាំង ។

៣. ដកដង្ហើមតាមមាត់

ក្នុងករណីរលាក និងឈឹខ្លាំង អ្នកគួរលាអណ្តាតចេញមកក្រៅ រួចធ្វើការដកដង្ហើមតាមមាត់វិញ ទើបជាការប្រសើរ។ នៅខណៈពេលដែលអ្នកដក ដង្ហើមតាមមាត់ ខ្យល់ត្រជាក់ នឹងមានលំហូរចូលមកក្នុងមាត់ ប៉ះនឹងផ្ទៃអណ្តាត ដែលអាចជួយសម្រាល ការឈឺចាប់របស់អ្នកបាន។ អ្នកអាចបន្ត ដកដង្ហើមតាមមាត់មួយសន្ទុះ រហូតមានអារម្មណ៍ថា ធូរស្រាល សឹន ។

៤. ទឹកអំបិល

U.S. National Library of Medicine បានណែនាំឲ្យ ខ្ពុរមាត់នឹងទឹកអំបិលបន្ថែម នៅពេលដែលអណ្តាតដែលរលាក លែងសូវឈឺចាប់។ អ្នកគ្រាន់តែលាយអំបិល ១ ភាគ ៨ នៃស្លាបព្រាបាយ ជាមួយនឹងទឹកក្តៅឧណ្ណៗ ប្រមាណជា ២៤០ មីលីលីត្រ រួចយកវាមកខ្ពុរ ក្នុងមាត់មួយសន្ទុះ សឹមខ្ជាក់ចេញ។ នេះក៏ដោយសារតែ អំបិលគឺជាថ្នាំសម្លាប់មេរោគបែបធម្មជាតិ ដែលអាចបន្ធូរបន្ថយការឈឺចាប់ ហើម និងរលាកបាន ។
៥. ស្ករ
មនុស្សមួយចំនួន ប្រហែលជាដឹងហើយថា ស្ករ ក៏អាចជួយបំបាត់ការឈឺចាប់បានដែរ។ អ្នកគ្រាន់តែរោយស្ករ លើបរិវេណអណ្តាត ដែលរលាក រួចទុកវាឲ្យរលាយជាការស្រេច។ ប៉ុន្តែអ្វីដែលអ្នកគួរចងចាំគឺ ត្រូវកំណត់បរិមាណស្ករ ឲ្យបានត្រឹមត្រូវ ពីព្រោះបើអ្នកប្រើប្រាស់បរិមាណច្រើនពេក វាអាចធ្វើឲ្យប៉ះពាល់ដល់ធ្មេញរបស់អ្នក ជាមិនខាន ។

៦. ទឹកឃ្មុំ

ទឹកឃ្មុំ ក៏ជាឱសថធម្មជាតិ ដែលអាចជួយការពារបាក់តេរី រួមទាំងបំបាត់អាការៈរលាក ហើម និងឈឹចាប់ បានយ៉ាងមានប្រសិទ្ធភាព ជាពិសេស គឺវាមានសមត្ថភាពព្យាបាលរបួស បានយ៉ាងឆាប់រហ័ស។ អ្នកគ្រាន់តែ លាបទឹកឃ្មុំ នៅត្រង់បរិវេណ អណ្តាតដែលរលាក រួចទុកចោលឲ្យកាន់តែយូរ គឺកាន់តែល្អ។ ក្នុងមួយថ្ងៃអ្នកអាចអនុវត្ត ២ ទៅ ៣ ដងក៏បាន ។

៧. វីតាមីន E

បើនិយាយពីបញ្ហារលាក វីតាមីន E ក៏អាចជួយបានដែរ។ ធម្មជាតិរបស់វីតាមីន E គឺជួយ សម្រួលការឈឺចាប់ ជាពិសេស វាជួយពន្លឿនឲ្យឆាប់ជាសះស្បើយ ដោយធ្វើឲ្យជាលិកាអណ្តាត លូតលាស់ឡើងវិញ។ អ្នកគ្រាន់តែយកថ្នាំគ្រាប់វីតាមីន E មកកាត់ជាពីរ រួចយកទឹករបស់វាទៅលាប ឬបន្តក់ លើបរិវេណរលាក លើផ្ទៃអណ្តាតរបស់អ្នក។ អ្នកអាចអនុវត្ត ២ ឬ “៣ ដង ក្នុងមួយថ្ងៃ ដើម្បីទតួលបានប្រសិទ្ធភាពជាទីគាប់ចិត្ត ។

៨. ថ្នាំដុសធ្មេញរសជាតិជីអង្កាម

ជីអង្កាម ក៏ជាឱសថធម្មជាតិ ដ៏ល្អមួយដែរ សម្រាប់យកមកដោះស្រាយបញ្ហារលាកអណ្តាត ។ នេះក៏ដោយសារតែវាមានផ្ទុកទៅដោយ សារធាតុម៉ង់តុល ដែលអាចជូយឲ្យសរសៃប្រសាទប្រែជាត្រជាក់ ស្ពឹក និងបន្ធូរបន្ថយការរលាក ជាពិសេស វាមានសមត្ថភាពការពារបាក់តេរីទៀតផង។ អ្នកគ្រាន់តែយកថ្នាំដុសធ្មេញណាមួយ ដែលមានរសជាតិជីអង្កាម មកលាបលើបរិវេណរលាក របស់អណ្តាត រួចលាន អណ្តាតរបស់អ្នកចេញក្រៅ រហូតស្ងួតជាតិថ្នាំ សឹមខ្ពុរមាត់លាងជាមួយទឹកត្រជាក់ ជាការស្រេច។ ជាងនេះទៅទៀត អ្នកអាចទំពារស្ករកៅស៊ូហិរៗ តាមការចូលចិត្តបន្ថែមក៏បាន ។
*** បញ្ហារលាកអណ្តាត អាចធ្វើឲ្យជាលិកាអណ្តាត មានការឈឺចាប់ និងពិបាកទទួលទានអាហារ។ ហេតុនេះ ដើម្បីការពារកុំឲ្យរលាក កាន់តែខ្លាំង និងឆាប់ជាសះស្បើយ អ្នកគួរចងចាំគន្លឹះមួយចំនួនបន្ថែមទៀត ដូចខាងក្រោមនេះ ៖

•    ចៀសវាងការញ៉ាំអាហារ ដែលមានជាតិអាស៊ីត ដូចជា ប៉េងប៉ោះ និងផ្លែក្រូច

•    ចៀសវាងអាហារ និងភេសជ្ជៈក្តៅ

•    ចៀសវាងអាហារ ដែលអាចបណ្តាលឲ្យមុតអណ្តាតរបស់អ្នក ដូចជា នំបន្ទះដំឡូង (chips) ឬគ្រាប់ធញ្ញជាតិ

•    ចៀសវាងអាហារ ដែលមានរសជាតិហិរខ្លាំង ពីព្រោះវានឹងបណ្តាលឲ្យរីករាលដាលបរិវេណរលាក៕

អត្ថបទ៖ សិលា
ប្រភព៖ Colgate | Top 10 Home Remedies

No comments