special ads

ស្រលាញ់មនុស្សម្នាក់គួររំលឹកអតីតកាលប្រាប់គេរឺទេ?

ស្រលាញ់មនុស្សម្នាក់គួររំលឹកអតីតកាលប្រាប់គេរឺទេ?

មនុស្សប៉ុន្មាននាក់ដែលអាចរក្សាស្នេហាដំបូងរហូតដល់ថ្ងៃចុងក្រោយនោះ? ប្រហែលជាមានតិចតួចបំផុត ព្រោះភាគច្រើនសុទ្ធតែធ្លាប់មានប្រវត្តិជូរចត់ជួបស្នេហាឈឺចាប់ខ្លោចផ្សា ទម្រាំរកបានគូអនាគតម្នាក់មករួមផ្លូវជីវិតបាន។ ចុះដើម្បីបញ្ជាក់ចិត្តស្មោះ គួររៀបរាប់អតីតកាលស្នេហាដែលធ្លាប់ជួបទាំងនោះប្រាប់គេឬទេ?


លោក ហុក សត្យា ជាបុគ្គលិកក្រុមហ៊ុនឯកជនមួយរូប បាននិយាយថា នឹងរៀបរាប់ប្រាប់សង្សារទាំងអស់ ចំពោះអតីតកាលរបស់ខ្លួន បើទោះបីវាមិនសូវល្អក៏ដោយ។ សត្យា បានបញ្ជាក់ថា អតីតកាលគ្រាន់តែជាអតីតកាល តែចង់ប្រាប់គេឲ្យជឿជាក់លើខ្លួន ហើយក៏មិនចង់លាក់ប្រវត្តិដែរ។ “ខ្ញុំមិនលាក់ទេ ប្រាប់គេទាំងអស់ ព្រោះមនុស្សសុទ្ធតែធ្លាប់ឆ្លងកាត់ស្នេហាច្រើន ជួនកាលសុខៗគេដឹងខ្លួនឯង នាំតែខឹងយើងថាមិនប្រាប់ក៏ថាបាន"។ សត្យា បន្ថែម។
ងាកមក ជា សុវត្ថា ជាអតីតនិស្សិតនៅសាកលវិទ្យាល័យបញ្ញាជាតិ បានអះអាងថា មិនមែនចេះតែប្រាប់ទេ តែក៏មិនលាក់ដែរ។ ប្រសិនបើសង្សារ ចង់សួរគាស់កកាយ ចាំរៀបរាប់ប្រាប់គេ ហើយគិតដែរថាប៉ះពាល់ឬអត់។ សុវត្ថា បាននិយាយថា ជួនកាល ការលើករឿងមិនល្អច្រើន អាចធ្វើឲ្យគេពិចារណា និងគិតថាខ្លួនជាមនុស្សមិនអាចផ្ញើវាសនាបាន។
“មិនមែនសុខៗទៅប្រាប់គេទេ ប្រាប់ធ្វើអីបើអត់មានរឿងផង... តែបើសួរហើយ ត្រូវប្រាប់ កុំឲ្យគេថាព្យាយាមលាក់។ អ្នកខ្លះមិនធ្លាប់ឆ្លងកាត់ស្នេហាច្រើន... តែបើប្រាប់គេច្រើនពេក វាមិនល្អទេ។ បើខ្ញុំវិញ ធ្លាប់បែកអស់ ២នាក់ហើយ មុនជួបអ្នករាល់ថ្ងៃនេះ តែខ្ញុំមិនខ្លាចប្រាប់ទេ ព្រោះខ្ញុំមិនមែនអ្នកខុសផង"។ សុវត្ថា អះអាងដូច្នេះ។
ចំណែកនិស្សិតឆ្នាំទី៣ ម្នាក់ មកពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដែលសុំប្រើត្រឹមឈ្មោះកាត់ រ៉ាឌី បាននិយាយថា ទោះស្រលាញ់ស្មោះយ៉ាងណាក៏ដោយ ក៏មិនគួរប្រាប់អតីតកាលមិនល្អដល់គេដែរ។ រ៉ាឌី បានបញ្ជាក់ថា ធ្វើដូចនេះគឺមានតែប៉ះពាល់ដល់ទំនាក់ទំនងប៉ុណ្ណោះ ហើយការបញ្ជាក់ចិត្តស្មោះ ក៏មិនមែនមានន័យថាត្រូវប្រាប់អស់ពីពោះដែរ។ 
"ខ្ញុំមិនប្រាប់គេទេ រឿងមិនល្អ ដូចជាធ្លាប់មានសង្សារច្រើនអីហ្នឹង គឺដាច់ខាតតែម្ដង បងដឹងស្រាប់ហើយ ស្រីៗដឹងរឿងមិនល្អ គឺពិបាកចិត្តខ្លាំង ប្រាប់ហើយគ្មានប្រយោជន៍ទេ នាំតែបញ្ហា។ និយាយប្រាប់គេដែរ រឿងណាដែលគិតថាមិនប៉ះពាល់ដល់ទំនាក់ទំនង និងធ្វើឲ្យអារម្មណ៍គេល្អ"។ រ៉ាឌី និយាយ។

ចំណែកឯសិលាវិញ បានមាននិយាយថា "ខ្ញុំធ្លាប់បរាជ័យរឿងគ្រួសារ បានបែកបាក់គ្នា ព្រោះតែបញ្ហា គ្រួសារ និងបញ្ហាផ្ទាល់ខ្លួន ហើយបានចាប់ផ្តើមដោយបាតដៃទទេរស្អាតគ្មានលុយ និងផ្ទះសំរាប់ជ្រកកោន តែបានជួយនារីម្នាក់ដែលបានជួយទំនុកបំរុងគ្រប់បែបយ៉ាង ហើយក៏បានចាប់ដៃគ្នា ប៉ុន្តែការដែលនិយាយរឿងរ៉ាវអតីតកាលប្រាប់ទៅនាង ធ្វើអោយគាត់មានការភ័យខ្លាចទៅវិញ ហើយបញ្ហាធំមួយទៀត គឺមាត់មនុស្ស ដែលនិយាយអាក្រក់ពីខ្ញុំ រិតតែធ្វើអោយគាត់រារែកក្នុងការដើរផ្លូវជីវិត ជាមួយខ្ញុំុំ" នេះជាសំដីរបស់សិលា ដែលគាត់បានរៀបរាប់ គាត់ក៏បានបន្ថែមទៀតថា "ខ្ញុំសូមផ្តាំទៅមិត្តទាំងអស់គ្នាថា យើងមិនអាចហាមឃាត់អ្នកណាម្នាក់ក្នុងការនិយាយពីយើងនេាះទេ ពេលខ្លះគេស្រលាញ់យើងគេក៏និយាយល្អពីយើងទៅ ហើយអ្នកខ្លះដែលគេស្អប់យើងគេក៏និយាយមិនល្អពីយើង។ បើសិនជាជ្រុលថាចាប់ដៃគ្នាដើរក្នុងផ្លូវជិវិតរួមទៅហើយ គួរកុំយកពាក្យដែលគេនិយាយមកដាក់ក្នុង ខ្លួនច្រើនពេក វាធ្វើអោយល្អក់កករសេចក្តីស្នេហាអ្នកទាំងពីរទេ អ្វីដែលប្រសើរនោះគឺ វាជាអតីតកាល ទោះបីជាល្អរឺអក្រក់យ៉ាងណាក៏ដោយ សំខាន់គឺបច្ចុប្បន្ននឹងអនាគត ថាតើគេនឹងធ្វើយ៉ាងណា។ ពាក្យចុងក្រោយរបស់ខ្ញុំ គឺ បើស្រលាញ់អ្នកណាម្នាក់ហើយ គឺយើងត្រូវទទួលយកអ្វីគ្រប់យ៉ាងដែលជា របស់គេ ទាំងចរិក និងមាយាទ ។ ចរិកមនុស្សអាចកែបានបើសិនជាគេជួបអ្វីដែលគេត្រូវការប្រាកដ។ "

ប្រភពអត្ថបទ៖ sabay

Post Comment

No comments