អ្នកនឹងប្រឈមមុខជាមួយនឹងបញ្ហា ១៧យ៉ាង បើសិនជាអ្នកគេងមិនឆ្អែត
អ្នកនឹងប្រឈមមុខជាមួយនឹងបញ្ហា ១៧យ៉ាង បើសិនជាអ្នកគេងមិនឆ្អែត
តើមានបញ្ហាអ្វីខ្លះនៅពេលដែលអ្នកគេងមិនឆ្អែត? សំនួរនេះនឹងធ្វើការបកស្រាយខាងក្រោមនេះ សម្រាប់អ្នកទាំងអស់គ្នា ធ្វើការស្វែងយល់ពីផលប៉ះពាល់នៃការទទួលទានដំណេកមិនបានគ្រប់គ្រាន់ ដែលមានរហូតទៅដល់ ១៧ ចំណុច ឯណោះ ។
១. ឆាប់ខឹង
ការឆាប់ខឹងត្រូវបានរកឃើញថា ក៏ជាប់ពាក់ព័ន្ធទៅនឹងការគេងមិនឆ្អែតផងដែរ ។ នេះបើយោងតាម ការស្រាវជ្រាវរបស់ក្រុមគ្រូពេទ្យអ៊ីស្រាអែល ។ សកម្មភាពនេះកើតមានដូចជា នៅពេលដែលកំពុង ធ្វើការ រឺ ការនិយាយពាក្យគំរោះគំរើយ ទៅមនុស្សជុំវិញខ្លួនជាដើម ។
២. ឈឺក្បាល
នេះជារឿងមួយដែលអ្នកមិនអាច បដិសេធ បាន ព្រោះថាអាការៈឈឺក្បាលនឹងកើតមានឡើងនៅពេល អ្នកគេងមិនបានគ្រប់គ្រាន់ ។ លើសពីនេះទៀតវាអាចធ្វើអោយអ្នកវិលមុខ អាចក្អួតចង្អោរ និងទទួលទានអាហារមិនបានទៀតផង ។
៣. អសមត្ថភាពក្នុងការរៀនសូត្រ
តាមការស្រាវជ្រាវបានរកឃើញថា សិស្ស និស្សិត ដែលគេងមិនបានគ្រប់គ្រាន់ អសមត្ថភាពក្នុងការសិក្សា លើមុខវិជ្ជាមួយចំនួនដូចជា គណិតវិទ្យា និង ការអានធ្លាក់ចុះពី ១% ដល់ ២% ជាប្រចាំ ។ ក្រៅពីនេះ វាក៏ធ្វើអោយការចងចាំមានការធ្លាក់ចុះផងដែរ ។
៤. ឡើងទំងន់
មនុស្សមួយចំនួនបានព្យាយាមតមអាហារ ដើម្បីការពារកុំអោយឡើងទំងន់ រឺ កាត់បន្ថយការទទួលទាន ដំណេកជាដើម ។ ប៉ុន្តែពួកគេប្រហែលជាភ្លេចគិតថា ការទទួលទានដំណេកមិនគ្រប់គ្រាន់ ក៏បណ្តាលអោយយើងឡើងទំងន់ផងដែរ ។ យ៉ាងណាម៉េញការឆាប់ក្រោកមិនអាច ដុតជាតិការឡូរី ដែលមនុស្សយើងត្រូវការ មកបំពេញសារពាង្គកាយ នៅពេលហត់នឿយបាននោះឡើយ ។
៥. មិនសូវមានចក្ខុវិស័យវែងឆ្ងាយ
គេងមិនគ្រប់គ្រាន់ វាទាក់ទងទៅនឹងបញ្ហាមូួយទៀតនោះគឺ ធ្វើអោយសមត្ថភាព នៃការគិត នៅពេលខាងមុខ មិនសូវវែងឆ្ងាយ ។ សូមចាំថា បើតាមការស្រាវជ្រាវ របស់អ្នកវេជ្ជសាស្រ្តអង់គ្លេស ដរាបណាអ្នកគេងកាន់តែតិច ផល់ប៉ះពាល់ដល់សមត្ថភាពខួរក្បាល កើតមានកាន់តែច្រើន ទៅតាមនោះដែរ ។
៦. មានជំងឺបេះដូង
អ្នកវិទ្យាសាស្រ្តបានពិសោធន៍អោយមនុស្សជាច្រើន មិនចូលគេងអស់រយៈពេល ៨៨ ម៉ោង ទីបំផុត បានរកឃើញថា សំពាធឈាមកាន់តែកើនឡើង ខុសប្រក្រតី តែម្តង ហើយនេាះគឺផលប៉ះពាល់ ដ៏ធ្ងន់ធ្ងរ ដល់ជំងឺបេះដូង ។
៧. យឺតយ៉ាវច្រើន
សកម្មភាពមួយរបស់អ្នកគេងមិនឆ្អែត គឺថាធ្វើការមិនសូវសកម្ម យីតយ៉ាវច្រើន រឺមិនសូវស្វាហាប់ ដូចអ្នកដែលគេងឆ្អែតនេាះឡើយ ។ អ្វីដែលគេរកឃើញ ទន្ទឹមនឹងនេាះទៀតគឺថា អ្នកដែលគេងមិន ឆ្អែតគឺគិតអ្វី ស្ទក់ៗ មិនសូវរហ័ស ហើយអ្នកដែលគេងឆ្អែត គិតបានលឿនជាងអ្នកដែលគេងមិនឆ្អែត ចំនួន ០២ ដង ។
៨. នោមញឹកជាងប្រក្រតី
នៅពេលដែលអ្នកគេងលក់ ការផលិតទឹកនោមបានថយចុះ ហើយអ្នកអាចនោមតែម្តងប៉ុណ្ណោះ ក្នុងរយះពេលពី ៥ ម៉ោង ទៅ ៦ ម៉ោង ។ ប៉ុន្តែបើអ្នកគេងមិនលក់វិញនេាះ អ្នកនឹងនោមញឹកជាង ប្រក្រតី ព្រោះថាសមត្ថភាពផលិតទឹកនោម នឹងធ្វើការច្រើននៅពេលគេងមិនឆ្អែត ។
៩. បាត់បង់ការយកចិត្តទុកដាក់
ការយកចិត្តទុកដាក់ដូចជា ស្តាប់ការពន្យល់របស់អ្នកណាម្នាក់ ធ្វើកិច្ចការផ្សេងៗ នឹងបាត់បង់បន្តិច ម្តងៗ ។ វានឹងធ្វើអោយអ្នកមានអារម្មណ៍ភ្លឹកៗ រឺអារម្មណ៍មិនមូល គិតផ្តេសផ្តាស់មិនច្បាស់ការ ។
១០. ឩស្សាហ៍មានជំងឺផ្តាស់សាយច្រើន
ការស្រាវជ្រាវបានធ្វើការពិសោធន៍លើមនុស្ស ១៥៣ នាក់ ដែលមិនអនុញ្ញាតិអោយគេងគ្រប់គ្រាន់ ។ ក្រោយមករកឃើញថា អ្នកទាំងនោះជួបបញ្ហារឿងផ្តាសសាយ ជាងអ្នកគេងគ្រប់គ្រាន់ ចាប់ពី ៧ ម៉ោង ឡើងទៅ ។ បញ្ហានេះ កើតមាននៅពេលអាកាសធាតុប្រែប្រួលញឹកញាប់ ។
១១. មានបញ្ហាជំងឺក្រពះពោះវៀន
គេបានរកឃើញថា ប្រជាជនអាមេរិក ពី ១០ ទៅ ១៥% ដែលបានជួបបញ្ហាជំងឺក្រពះ និង ពោះវៀន បណ្តាលមកពីទទួលទានដំណេកមិនគ្រប់គ្រាន់ ។
១២. សមត្ថភាពផ្លូវភេទថយចុះ
អ័រម៉ូនភេទមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ការបន្តពូជ ទាំងបុរស និង ស្រ្តី ។ ការគេងគ្រប់គ្រាន់ ធ្វើអោយការផលិតអ័រម៉ូនភេទកើនឡើង ។ យ៉ាងណាម៉េញ អ័រម៉ូន ភេទនឹងថយចុះ ដូចជាការផលិត ទឹកកាមជាដើម និង ការបាត់បង់សមត្ថភាពផ្លូវភេទនៅពេលដែលអ្នកគេងមិនបានគ្រប់គ្រាន់ ។
១៣. ឈឺចុករោយច្រើន
តាមការស្រាវជ្រាវមុនៗបានបង្ហាញថា អាការៈចុករោយ អាចបណ្តាលមកពី បញ្ហាទទួលទានអាហារ ខ្វះ ជីវជាតិ រឺ កង្វះការហាត់ប្រាណជាដើម ។ តែការស្រាវជ្រាវចុងក្រោយបានបញ្ជាក់ថា អាការៈចុករោយ ក៏បណ្តាលមកពីការទទួលទានដំណេកមិនគ្រប់គ្រាន់ផងដែរ ។ បញ្ហានេាះគឺនៅត្រង់ ថា ពួកគាត់ពុំបានដាក់ទម្រេតខ្នង រឺ រាងកាយ របស់ពួកគេអោយបានសម្រាកគ្រប់គ្រាន់ ។
១៤. កើតមានជំងឺទឹកនោមផ្អែម
ការឆាប់ក្រោកនៅពេលដែលរាងកាយកំពុងត្រូវការសម្រាក នឹងធ្វើអោយប្រព័ន្ធរំលាយអាហារ ដំណើរការ ខុសប្រក្រតី ជាពិសេសប្រព័ន្ធគ្រប់គ្រង ទឹកនោមដំណើរការមិនទៀងទាត់ នាំអោយកើតមានជំងឺ ទឹកនោមផ្អែម ។
១៥. សមត្ថភាពចងចាំធ្លាក់ចុះ
មនុស្សត្រូវការគេងដើម្បីកំចាត់ចោលរាល់សមាសធាតុផ្សេងៗ ដែលមាននៅក្នុងខ្លួន ហើយជំនួស មកវិញ នូវសមាសធាតុថ្មីឡើងវិញ ។ ប៉ុន្តែ បើអ្នកគេងមិនគ្រប់គ្រាន់ នឹងធ្វើអោយអសកម្មដល់ សកម្មភាព ប្រព័ន្ធខួរក្បាល ដំណើរការមិនបានល្អ ហើយនៅពេលនេាះអង្គចងចាំ នៅក្នុងខួរក្បាល គឺ ធ្លាក់ចុះនេាះឯង ។
១៦. ធ្វើអោយស្រ្តេស និង ទុក្ខ ព្រួយ ច្រើន
នេះជាចំណុចមួយមិនអាចប្រកែកបាន ព្រោះថា អ្នកដែលគេងមិនគ្រប់គ្រាន់ មិនត្រឹងតែខឹងច្រើន នេាះទេ តែក៏ជាមនុស្សមានទុក្ខព្រួយច្រើន និង មានអារម្មណ៍តានតឹង ច្រើនទៀតផង ។ គេបានរក ឃើញថា ប្រាក់ចំណូលគឺជាឃាតករទី១ ខណៈដែលគេងមិនឆ្អែត គឺជាឃាតករទី២ នាំអោយមានបញ្ហា តានតឹងដល់ផ្លូវចិត្តរបស់មនុស្ស ។
១៧. ឆាប់ស្លាប់
ជាទូទៅអ្នកត្រូវគេងអោយបានពី ៧ ទៅ ៨ ម៉ោង ក្នុងមួយថ្ងៃ ទើបមិនមានផលប៉ះពាល់ ដល់សុខភាព របស់អ្នក ។ យ៉ាងណាមិញ ការគេងមិនគ្រប់គ្រាន់ ច្បាស់លាស់ថា នឹងធ្វើអោយបុគ្គលម្នាក់ ឆាប់ ស្លាប់ យ៉ាងហោចណាស់ក៏ ១០ឆ្នាំ ឡើងទៅដែរ ។
ប្រភពអត្ថបទៈ បណ្ណាល័យកូនខ្មែរ
No comments
Post a Comment