រឿងខ្លី៖ បេះដូងមិនទាន់បំពេញ (គ្រប់គ្នាគួរអាន ហើយត្រូវចេះរក្សាផង)
រឿងខ្លី៖ បេះដូងមិនទាន់បំពេញ (គ្រប់គ្នាគួរអាន ហើយត្រូវចេះរក្សាផង)
មានបុរសម្នាក់បានសុំមិត្តស្រីរបស់គេរៀបការ ៖
នារី ៖ ប្រាប់អូនបានទេ... តើអ្នកណាដែលបង ស្រលាញ់ជាងគេនៅក្នុងលោកនេះ ?
បុរស ៖ ពិតណាស់គឺជាអូន !
នារី ៖ តើអូនជាអ្វីសំរាប់បង ?
បុរស ៖ (គិតមួយសន្ទុះ) បុរសសំលឹងកែវភ្នែកនារីហើយនិយាយថា «អូនជាផ្នែកមួយដែលបេះដូងខ្វះមិនបាន» ។
នាងញញឹម, ហើយក៏យល់ព្រមរៀបការជាមួយបុរស ។
បន្ទាប់ពីរៀបការរួច, គូស្វាមីភរិយាមានភាពផ្អែមល្ហែម និង មានជីវិតដ៏រីករាយមួយរយៈពេល ។
ទោះបីជាយ៉ាងណា, ប្តីប្រពន្ធ វ័យក្មេងបានចាប់ផ្តើមឃ្លាតឆ្ងាយពីគ្នា ដោយសារតែការមមាញឹកនៃជីវិត និង ការព្រួយបារម្ភ មិនចេះចប់ នៃបញ្ហាប្រចាំថ្ងៃ, ជីវិតរបស់ពួកគេ ក៏បាន ប្រែក្លាយជាការលំបាក ។
បញ្ហាដែលត្រូវប្រឈមទាំងអស់ ដែលបង្កឡើងដោយតថភាពនៃជីវិត បានចាប់ផ្តើមធ្វើអោយក្តីសុបិន្ត និងសេចក្តីស្រលាញ់របស់ពួកគេត្រូវឃ្លាតឆ្ងាយពីគ្នា ។ គូស្វាមីភរិយា ចាប់ផ្តើមមានជម្លោះកាន់តែច្រើន ហើយរាល់ជម្លោះ របស់ពួកគេម្តងៗក៏បានចាប់ផ្តើម ធ្វើអោយទំនាក់ទំនងរបស់ពួកគេកាន់តែអាក្រក់ទៅៗ ។
ថ្ងៃមួយ, បន្ទាប់ពីឈ្លោះគ្នា, នារីជាប្រពន្ធបានរត់ចេញពីផ្ទះ ។
នៅត្រើយម្ខាងនៃផ្លូវ, នាងបានស្រែកយ៉ាងខ្លាំងថា, «បងមិនដែលស្រលាញ់អូនទេ....!!!»
បុរសជាប្តីសែនស្អប់នូវទង្វើរដូចក្មេងរបស់នាង ហើយក៏និយាយចេញទាំងខឹងមកថា,
«ប្រហែលហើយ, វាជាកំហុសដែលពួកយើងនៅជាមួយគ្នា...!!!» ប្តីបន្តទៀតថា,«អូនមិនមែនជាផ្នែកមួយបេះដូងបងខ្វះនោះទេ!!!»
ភ្លាមនោះ, នាងងាកមកយ៉ាងលឿន ហើយបានឈរនៅទីនោះមួយសន្ទុះ, នាងពិតជាមានអារម្មណ៍ស្តាយនូវអ្វីដែល ប្តីរបស់នាងបាននិយាយខ្លាំងណាស់ ប៉ុន្តែពាក្យសំដីដែលនិយាយចេញហើយ ពិតជាមិនអាចស្រោចស្រង់វិញបានទេ ។
ជាមួយទឹកភ្នែកស្រក់ចុះ, នាងក៏ត្រលប់ទៅផ្ទះវិញ ដើម្បីប្រមូលរបស់របររបស់នាង មុននឹងចេញពីផ្ទះនាងបានទុក កូនសំបុត្រមួយអោយប្តីរបស់នាង, «បើអូនមិនមែនជាចំណែកមួយដែលបងខ្វះទេ, អ៊ីចឹងទុកអោយអូនទៅរកអ្នកខ្វះចុះ.... វិធីមួយនេះមិនសូវឈឺចាប់ខ្លាំង... ទុកអោយពួកយើងទៅតាមផ្លូវរៀងៗខ្លួន ហើយស្វែងរកដៃគូដែលសក្តិសមសំរាប់ខ្លួនឯងចុះ!!»
៥ ឆ្នាំកន្លងផុតទៅ...
បុរសមិនដែលរៀបការម្តងទៀតឡើយ ប៉ុន្តែគាត់បានព្យាយាមស្វែករក ការរស់នៅរបស់នាងដោយប្រយោល។ នាងបានចាក់ចេញទៅក្រៅប្រទេស ហើយរស់នៅជាមួយនឹងក្តីសុបិន្តរបស់នាង ។
គាត់ធ្លាប់មានអារម្មណ៍ ថាស្តាយនូវអ្វី ដែលគាត់បានធ្វើ ប៉ុន្តែគាត់មិនដែលចង់បាននាងត្រលប់មកវិញទេ។ នៅយប់ថ្ងៃមួយ ជាយប់ដ៏ឯកកោរបំផុត, គាត់អុជបារីរបស់គាត់ ហើយមានអារម្មណ៍ថាឈឺសៀបៗ នៅក្នុងបេះដូងរបស់គាត់ (អារម្មណ៍អ្នកបែកបាក់ស្នេហា)។ គាត់មិនទទួលស្គាល់ថា វាបណ្តាលមកពីការបាត់បង់របស់នាងនោះទេ។
ថ្ងៃមួយ, ពួកគេជួបគ្នាដោយចៃដន្យនៅឯព្រលានយន្តហោះ។ គាត់បានធ្វើដំណើរទៅធ្វើមុខជំនួញ ។ គាត់បានឃើញនាង, នាងឈរនៅទីនោះតែម្នាក់ឯង នៅត្រើយម្ខាងនៃផ្លូវ ។
នាងញញឹមដាក់គាត់យ៉ាងស្រទន់ ។
បុរស៖ តើអូនសុខសប្បាយជាទេ ?
នារី៖ អូនធម្មតាទេ, ចុះបងវិញ? តើបងរកឃើញចំណែកដែលបេះដូងខ្វះរឺនៅ ?
បុរស៖ នៅទេ។
នារី៖ អូននឹងហោះទៅ New York នៅជើងហោះហើរបន្ទាប់នេះ ។
បុរស៖ ២ សប្តាហ៍ទៀតបងនឹងត្រលប់មកវិញ។ ទូរស័ព្ទរកបងពេលដែលអូនត្រលប់មកវិញ។ អូនស្គាល់លេខបងហើយ, លេខបងមិនផ្លាស់ប្តូរទេ ។
ជាមួយនឹងស្នាមញញឹម, នាងបែរក្រោយ ហើយលើកដៃជាសញ្ញាថាលាហើយ ។
នៅល្ងាចថ្ងៃដដែលនោះ គាត់បានលឺដំណឹងថាយន្តហោះ ដែលហោះទៅទីក្រុងញូវយ៉ក់បានធ្លាក់។ គាត់ព្យាយាមចង់ដឹងអំពីនាង ហើយគាត់ក៏រកឃើញថានាងបានស្លាប់ ។
នាពាក់កណ្តាលយប់... គាត់អុជភ្លើងបារីរបស់គាត់... គាត់មានអារម្មណ៍ដូចមុនអ៊ីចឹង, គាត់មានអារម្មណ៍ឈឺត្រង់បេះដូងរបស់គាត់។ ទីបំផុតគាត់ដឹងថានាងគឺជាចំណែកដែលគាត់ខ្វះ ហើយគាត់ប្រហែសធ្វើអោយបែកខ្ទេចខ្ទី...!!!
«ពេលខ្លះមនុស្សយើងនិយាយនូវពាក្យសំដី ដែលមិនគួរនិយាយនៅពេលយើងខឹង ។ យើងបានធ្វើអោយមនុស្ស ដែលយើងស្រលាញ់ខកចិត្តនូវពាក្យសំដី ដែលយើងបាននិយាយទាំងកំហឹង ។ មានមនុស្សជាច្រើន ដែលកំពុងស្តាយក្រោយនូវអ្វី ដែលខ្លួនបានធ្វើ និងនិយាយទាំងមិនបានគិត ។ ពេលខ្លះបេះដូង និងមាត់ដើរមិនស្របគ្នានោះទេ។ មាត់ប្រឹងប្រែកែកថាមិនមែន ប៉ុន្តែបេះដូងកំពុងទាមទារ ។ ប្រសិនបើអ្នករកឃើងថា នាង/គាត់ ជាចំណែកមួយដែលអ្នកខ្វះនោះ ចូរស្វះស្វែងរកភ្លាមៗ។ ចៀសវាងការស្តាយក្រោយ» ៕
ប្រភពសាច់រឿងៈ ទស្សនាវដ្តី៍ ROSE
No comments
Post a Comment