special ads

ព័ត៌មានថ្មីៗ

ប្រការគួរយល់ដឹងអំពីសុរា

យល់ដឹង​អំពី​សុរា​រួមជាមួយ​នឹង​គុណវិបត្តិ​របស់​វា​

មានការបកស្រាយយ៉ាងច្រើនអំពីផលវិបាក ឬគុណវិបត្តិរបស់សុរា ដែលអាចទាំងនិយាយបានថា គឺក្តីអន្តរាយដល់សុខភាព និងអាយុជីវិតព្រោះតែសុរា ។ ការនិយាយយ៉ាងដូច្នេះក៏នៅមិនទាន់ទទួលយកបាននៅឡើយទេ ដោយសារពេលខ្លះសុរាក៏ជាភេសជ្ជៈម្យ៉ាងដែលជួយសំរួលដល់សុខភាពផងដែរ ដែលនោះហើយជាគុណសម្បត្តិរបស់សុរា ។

សំរាប់ពេលនេះ យើងខ្ញុំសូមលើកយក បញ្ហាគុណវិបត្តិ មកជំរាបជូនមិត្តអ្នកអាន ឲ្យបានជ្រាបជាមុនសិនថា តើសុរាបង្កគ្រោះថ្នាក់យ៉ាងណាដល់សុខភាពនៃមនុស្សលោក ។ ក្តីអន្តរាយសុរាចំពោះរូបកាយរបស់មនុស្សមាន ៖


១. កើតមហារីកមាត់ និងបំពង់ក

ការប្រឈមមុខដោយប្រថុយប្រថាននឹងកើតមានជំងឺមហារីកមាត់ បំពង់ក កាន់តែកើនឡើងខ្ពស់ទៅតាមបរិមាណនៃសុរាដែលផឹកជាប្រចាំថ្ងៃ ។ ប៉ុន្តែបើតាមការសិក្សាស្រាវជ្រាវពិសោធន៍អំពីប្រភេទភេសជ្ជៈដល់ទៅ ២៥ មុខមានជាតិអាល់កុលជាធម្មតានោះវិញ បានឲ្យឃើញថា អ្នកជក់បារីជាប់ជាប្រចាំ ហើយថែមទាំងផឹកសុរាដែលមានកំរិតអង្សាខ្ពស់ស្មើនឹង ០,៧៥ លីត្រ ឬស្រាទំពាំបាយជូរ ២.៥ លីត្រក្នុងមួយថ្ងៃ ព្រមទាំងជក់បារីចំនួន ២ កញ្ចប់ជាប្រចាំថ្ងៃទៀតផងនោះ អត្រា ឬបរិមាណដែលគណនាពីការប្រឈមមុខនឹងជំងឺមហារីកមាត់ និងបំពង់កកើនដល់ទៅ ២០ ដង បើប្រៀបធៀបនឹងអ្នកដែលត្រឹមតែផឹកស្រាបន្តិចបន្តួច ឬមិនផឹកទាល់តែសោះនោះ ។


២. កើតមហារីកដោះ

សុរាជាភ្នាក់ងារមួយដែលនឹងបង្កើនអត្រានៃករណីកើតមហារីកដោះ ចំពោះមនុស្សស្រីមុនពេលជិតឈានដល់អស់រដូវប្រចាំខែ ។ បើតាមស្ថិតិស្ត្រីកើតជំងឺមហារីកដោះនោះបានឲ្យឃើញថា អ្នកជំងឺមានដល់ទៅ ១២ ភាគរយនៃករណីបណ្តាលមកពីការផឹកស្រា ឬស្រាបៀរ ។ និយាយដូច្នេះ មិនមែនបំភ័យ ឬហាមមិនឲ្យស្ត្រីពិសាសុរានោះទេ ប៉ុន្តែត្រូវតែមានកំរិត ដោយសូមពិសាត្រឹមតែ ១ កូនកែវដ៏តូចក្នុងមួយថ្ងៃ និងជាប្រចាំថ្ងៃតែប៉ុណ្ណោះ ទើបអាចកាត់បន្ថយបញ្ហាកើតមហារីកដោះបាន ។


៣. ស្រាធ្វើឲ្យអន្តរាយដល់សុខភាពថ្លើម

សូមជ្រាបថា ស្រាត្រូវបានថ្លើមបំប្លែងទៅជាខ្លាញ់ ។ ជាមួយនឹងអ្នកដែលញៀនសុរា ធ្វើឲ្យថ្លើមសំបូរទៅដោយជាតិខ្លាញ់ច្រើនអនេក ដោយសារតែយ៉ាងដូច្នេះហើយទើបបានជាអ្នកញៀនសុរាតែងតែកើតមានជំងឺថ្លើម ហើយត្រូវតែបាត់បង់ជីវិត ។ ក្រៅពីនោះវិញការប្រែប្រួល នៃជាតិសុរានៅក្នុងរូបកាយរបស់មនុស្សក្លាយទៅជាជាតិពុលឈ្មោះហៅថា Acetaldehyde ដែលធ្វើឲ្យអន្តរាយដល់ថ្លើម ។


៤. រលាកក្រពះក្នុងកំរិតមួយដ៏ធ្ងន់ធ្ងរបំផុត

សុរាប្រៀបបាននឹងសារធាតុមួយ ដែលវាបានទៅលាងសំអាតកោសិកាក្រពះទាំងអស់ រហូតដល់ក្រពេញបញ្ចេញទឹកក្រពះសំរាប់ជួយធ្វើការរំលាយអាហារនោះបាត់បង់តួនាទីអស់រលីង ។ ដោយសារតែហេតុយ៉ាងដូច្នេះហើយ ទើបបានជាអាការៈរលាកក្រពះកើតមានឡើង ។


៥. សុរានាំឲ្យញៀន

តាមអ្នកវិទ្យាសាស្ត្របានឲ្យដឹងថា បើទោះបីជាការផឹកស្រាមានភាពទៀងទាត់យ៉ាងណាក្តី ក៏សុរានឹងនាំឲ្យមនុស្សញៀន ហើយមនុស្សដែលផឹកស្រាមានដល់ទៅ ១៥ ភាគរយដែលផឹកក្នុងកំរិតពេលវេលា ព្រមទាំងបរិមាណទៀងទាត់បែរជាញ័រដៃជើង ប្រសិនបើមិនបានផឹកស្រាទេនោះ ។


៦. សុរាធ្វើឲ្យប៉ះពាល់ដល់សុខភាពបេះដូង

នៅពេលផឹកស្រាច្រើនពេកនោះ សុរាអាចបង្កឲ្យបេះដូងកើតមានបញ្ហា ។ ករណីនេះតែងតែជួបប្រទះក្រោយពេល ដែលមនុស្សផឹកសុរាច្រើនពេក ។
៧. សុរាធ្វើឲ្យប៉ះពាល់ដល់សុខភាពនៃទារកនៅក្នុងគភ៌

ថ្វីបើការផឹកស្រាមានភាពដ៏ទៀងទាត់យ៉ាងណាក្តី ក៏នៅពេលមានគភ៌រួចទៅហើយនោះ (ចំពោះស្ត្រីដែលកំពុងមានគភ៌) ឥទ្ធិពលសុរាក៏នឹងបណ្តាលឲ្យកើតអន្តរាយដល់ទារកនៅក្នុងផ្ទៃ ទាំងការលូតលាស់នៃរូបកាយ ព្រមទាំងស្មារតីពេលដែលទារកនោះ ប្រសូតមក ឬក៏នៅពេលធំដឹងក្តី ។


ពិតណាស់ដែលថា សុរា គឺជាជាតិពុល ពេលដែលសុរាបានបង្កើតចេញនូវសារធាតុ Acetaldehyde ដែលវានឹងបង្កក្តីអន្តរាយ ដល់កោសិកានៃប្រព័ន្ធប្រសាទ ។ វាកាន់តែគ្រោះថ្នាក់ថែមឡើងទៀត នៅពេលដែលស្ត្រីកំពុងមានផ្ទៃពោះ ហើយញៀនសុរា នឹងពុំអាចផ្អាក ឬបញ្ឈប់ការផឹកស្រា បាននោះ៕

ប្រភពអត្ថបទៈ ទំព័រសុខភាព

No comments